ខេត្តកំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្ទាប់ពីដឹកនាំក្នុងការបំពេញតួនាទី ភារកិច្ច ការងារក្នុងអង្គភាព ជានិច្ចជាកាលលោកតែងតែដឹកនាំក្រុមការងារចូលរួមការងារមនុស្សធម៍ជាញឹកញាប់ក្នុងការជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពទីទាល់ក្រ ជួបការលំបាក ខ្វះខាតក្នុងជីវភាពរស់នៅ និងមានបញ្ហាផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ជាក់ស្តែង កាលពីព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១០.០០នាទី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ ចុះសួសុខទុក លោកឧត្តមសេនីយ៍ត្រី គង់ គីនី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលកំពុងតែសម្រាកព្យាបាលជំងឺនៅគេហដ្ឋានរបស់លោក ស្ថិតក្នុងភូមិតេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានសំណេះសំណាល ជាមួយនិងលោកឧត្តមសេនីយ៍ត្រី គង់ គីនី ប្រកបដោយភាពស្និទ្ធស្នាល ព្រមទាំងបាននាំយកថវិកាចំនួន ១,២០០,០០០រៀល(មួយលានពីរសែនរៀល) និងគ្រឿងឧបភោគបរិភោគរួមមាន:អង្ករចំនួន២បាវ ,ទឹកសុទ្ធ ២កេស,មីជាតិ ២កេស និងទឹកផ្លែឈើ ២កេស ផងដែរ។ក្រោយពីសំណេះសំណាលរួច លោកឧត្តមសេនីយ៍ត្រី គង់ គីនី និងភរិយា បានសម្តែងនូវអារម្មណ៍រំភើបសប្បាយរីករាយ ព្រមទាំងបានជួនពរជ័យដល់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមនិងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺទាំងអស់ សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
វីដែអូ